

១- ចក្ខុវិស័យ
ដើម្បីបន្តការលើកកម្ពស់ និងការកែលម្អនូវគុណភាពជីវិតរបស់មនុស្សចាស់នៅកម្ពុជា ដោយផ្តោតសំខាន់ លើការធានាឱ្យមនុស្សចាស់ទទួលបានសិទ្ធិ និងឱកាសស្មើគ្នា។
២- គោលដៅ
(១) ធានាថា មនុស្សចាស់ត្រូវបានជំរុញឲ្យចូលរួមយ៉ាងពេញលេញ ដោយសេរី និងដោយ សេចក្តីថ្លៃថ្នូរ តាមដែលពួកគាត់ចង់នៅក្នុងសកម្មភាព គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និងនយោបាយ។
(២) ធានាថា មនុស្សវ័យក្មេងត្រូវបានបណ្តុះបណ្តាលឲ្យមានចំណេះដឹង កាន់តែល្អប្រសើរ ដែលនឹងអាចជួយឲ្យពួកគាត់គ្រប់គ្រងដំណើរជីវិតរស់នៅមួយ ដែលបង្កើតផលផ្លែ ប្រកបដោយសុខភាពល្អ សកម្ម និងប្រកបដោយសេចក្តីថ្លៃថ្នូរ ច្រើនជាងអ្នកជំនាន់មុន នៅពេលពួកគាត់ឈានដល់វ័យចាស់។
៣- ការត្រៀមខ្លួនរបស់មនុស្សវ័យក្មេងសម្រាប់ការឈានចូលវ័យចាស់
- មនុស្សគ្រប់រូបនឹងឈានទៅដល់វ័យចាស់ នោះម្នាក់ៗត្រូវតែខ្វល់ខ្វាយចំពោះជីវិតរបស់ខ្លួន នៅក្នុងពេលខាងមុខដែលនឹងត្រូវមកដល់ ជាពិសេស ការឈានចូលវ័យចាស់របស់កម្លាំងពលកម្មបច្ចុប្បន្នដ៏ច្រើនសន្ធឹកសន្ធាប់
- តាមរយៈការសង្កេតទៅលើមនុស្សចាស់ មនុស្សវ័យក្មេងគួរតែស្វែងយល់ដឹងអំពីសណ្ឋាននៃដំណើរជីវិតរស់នៅក្នុងពេលខាងមុខ នៅពេលដែលពួកគេឆ្លងផុតអាយុ៦០ឆ្នាំ
- មនុស្សវ័យក្មេង កំពុងស្ថិតក្នុងស្ថានភាពមួយដែលសំណាង ដោយព្រោះថា ពួកគេនៅអាចចាប់ផ្ដើមត្រៀមរៀបចំខ្លួនចាប់ពីពេលឥឡូវនេះទៅសម្រាប់ដំណើរជីវិតរស់នៅមួយល្អប្រសើរនៅក្នុងវ័យចាស់
- ប្រជាជនវ័យក្មេង អាចមានចំណេះដឹងល្អប្រសើរជាង ដែលអាចជួយឲ្យពួកគេរស់នៅក្នុងជីវិតមួយដែល បង្កើតផលបានច្រើនជាង មានសុខភាពល្អជាង សកម្មជាង និងមានសេចក្តីថ្លៃថ្នូរជាង នៅក្នុងវ័យចាស់។
- យុវវ័យត្រូវស្វែងយល់ពីបញ្ហាសំខាន់ៗដែលអាចជួបប្រទះនាពេលវ័យចាស់ ក្នុងនោះរួមមាន អសន្តិសុខផ្នែកហិរញ្ញវត្ថុ សុខភាពកាន់តែដុនដាប កង្វះទីជម្រកសមរម្យ ភាពមានកម្រិតនៃការផ្លាស់ទី និង ការកើនឡើនៃការពឹងផ្អែកលើអ្នកដទៃកាន់តែច្រើនឡើង។
ជាដំណោះស្រាយ៖
- វិនិយោគលើប្រាក់សន្សំរបស់ខ្លួនឯង និងការចុះឈ្មោះទិញគម្រោងធានារ៉ាប់រងនិងសោធននិវត្ត អាចជួយបានយ៉ាងច្រើនក្នុងការកាត់បន្ថយការលំបាកផ្នែកហិរញ្ញវត្ថុនៅក្នុងវ័យចាស់
- រក្សាបាននូវទម្លាប់ក្នុងការរស់នៅមួយដែលនាំឲ្យមានសុខភាពល្អ និង ការទៅត្រួតពិនិត្យ សុខភាពតាមពេលកំណត់ជាប្រចាំ អាចជួយឲ្យជីវិតក្នុងវ័យចាស់ មានសុខភាពល្អប្រសើរ
- បង្រៀនកូនចៅអំពីសារៈសំខាន់នៃការគោរពនិងការថែទាំមនុស្សចាស់ អាចជួយបង្កើនលទ្ធភាព នៃការទទួលបានការគាំទ្រពីគ្រួសារនៅក្នុងវ័យចាស់។
៤- ក្របខ័ណ្ឌគោលនយោបាយនិងគោលការណ៍ណែនាំ
- ផ្តោតការយកចិត្តទុកដាក់ឲ្យបានសមស្របចំពោះស្ថានភាពរបស់មនុស្សចាស់ ដូចបានកំណត់នៅក្នុងវប្បធម៌និងប្រពៃណីខ្មែរ នៅពេលដែលធ្វើការដោះស្រាយបញ្ហាទាំងឡាយដែលមនុស្សចាស់កំពុងជួបប្រទះ។
- បញ្ជ្រាបបញ្ហាប្រជាជនវ័យចាស់ទៅក្នុងផែនការនិងកម្មវិធីអភិវឌ្ឍដោយមានការទទួលស្គាល់ពេញលេញនូវសិទ្ធិរបស់មនុស្សចាស់ ក្នុងការចូលរួមត្រៀមរៀបចំការសម្រេចចិត្តទាំងឡាយណាដែលប៉ះពាល់ចំពោះពួកគាត់។
- យកចិត្តទុកដាក់ចំពោះភាពខុសប្លែកគ្នានៃសេចក្ដីត្រូវការរបស់មនុស្សចាស់ ដែលបណ្តាលមកពីភាពខុសគ្នាផ្នែកអាយុ ជាតិពន្ធ សាសនា ស្ថានភាពសុខភាព កម្រិតការអប់រំ និងស្ថានភាពសេដ្ឋកិច្ច នៅពេលដែលធ្វើការដោះស្រាយបញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងមនុស្សចាស់។
- ផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើស្ត្រីវ័យចាស់ ព្រោះពួកគាត់មានចំនួនច្រើនជាងបុរសវ័យចាស់ ហើយងាយរងគ្រោះច្រើនជាងបុរស ដោយសារពួកគាត់អាចទទួលរងការរើសអើងច្រើនជាង ហើយអាចងាយក្លាយជា ជនក្រីក្រ ស្រ្តីមេម៉ាយ និងអ្នកដែលត្រូវគេបំភ្លេច ច្រើនជាង។
- ការគិតគូររៀបចំនិងការអនុវត្តវិធានការនានា ដើម្បីដោះស្រាយដំណើរឈានចូលវ័យចាស់ ដោយត្រូវយកចិត្តទុកដាក់លើការផ្ដួចផ្ដើមគំនិតថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ថ្មីៗដែលពាក់ព័ន្ធនឹងមនុស្សចាស់។



មានរូបភាពជាច្រើនទៀតក្នុង Facebook Page: https://www.facebook.com/media/set/?set=a.1046407898825805.1073741864.622756061190993&type=3
--------------------------------------------------------------------------------------