![]() |
លទ្ធផលសិក្ខាសាលាអន្តរក្រសួងកម្រិតនយោបាយ
ដើម្បីពិភាក្សា លើសេចក្តីព្រាង “គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥”
ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារ CAMBODIANA, រាជធានីភ្នំពេញ |
គោលបំណង និង ពេលវេលា ៖
គោលបំណងនៃសិក្ខាសាលា គឺកែលម្អភារកិច្ចនិងតួនាទី
ពីថ្នាក់ដឹកនាំជាន់ខ្ពស់តាមក្រសួងនីមួយៗ និងប្រមូលយកនូវធាតុចូល (inputs) បន្ថែមទៀត ដើម្បីកែលម្អឯកសារគោលនយោបាយនេះឲ្យកាន់តែមានភាពសុក្រិត ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការទទួលខុសត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៥ ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃបម្រែបម្រួលប្រជាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។
មតិស្វាគមន៍ និង បើកអង្គសិក្ខាសាលា ៖
-
ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ (អបអ) បានឡើងធ្វើរបាយការណ៍សង្ខេបជូនដល់គណៈអធិបតី
និងអង្គពិធីទាំងមូល ។ ឯកឧត្តមបានលើកឡើងដោយសង្ខេប អំពី (១) ក្របខ័ណ្ឌស្ថាប័ន និង គោលនយោបាយ៖ អំពីក្របខ័ណ្ឌស្ថាប័ន៖ ក្រសួងផែនការ បានទទួលបេសកម្មនិងភារកិច្ចដ៏សំខាន់ពីរាជរដ្ឋាភិបាលកម្ពុជា
ដើម្បីធ្វើបច្ចុប្បន្នភាព គោលនយោបាយជាតិប្រជាជនឆ្នាំ២០០៣
ព្រោះថា នេះជាពេលវេលាមួយដ៏សមស្របបំផុតនៅក្នុងបរិការណ៍ដែលប្រទេសជាតិ
មានការវិវឌ្ឍទៅមុខឥតឈប់ឈរ ទាំងកត្តាប្រជាសាស្រ្ត
ទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ អំពីក្របខ័ណ្ឌគោលនយោបាយ៖ ការតម្រង់ទិសជាលក្ខណៈ គោលនយោបាយ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងសកម្មភាពគោលនយោបាយជាអាទិភាព ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។
លើសពីនេះ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយនេះ
ក៏បានផ្អែកលើ របៀបវារៈអភិវឌ្ឍន៍របស់សន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងការអភិវឌ្ឍ
(International
Conference on Population and Development) និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោយឆ្នាំ២០១៥ (Post 2015 Sustainable Development Goals)។ (២) ដំណើរការរៀបចំ
“គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥”៖ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនបានផ្តួចផ្តើមនៅឆ្នាំ២០១១
ម្តងហើយ ប៉ុន្តែកិច្ចការនេះ ត្រូវបានពន្យាពេលដោយសារតែមានការកែសម្រួលផ្នែកស្ថាប័ន ដែលពេលនោះស្ថិតក្នុងការទទួលខុសត្រូវរបស់គណៈកម្មាធិការជាតិសម្រាប់ជាជននិងការអភិវឌ្ឍ
នៃទីស្តីការគណៈរដ្ឋមន្រ្តី។ បន្ទាប់មកនៅខែមករា ឆ្នាំ២០១៥ យើងបានចាប់ផ្តើមពិនិត្យឡើងវិញនូវគោលនយោបាយនេះ
ដោយមានការគាំទ្រពី UNFPA ហើយនៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ បានធ្វើសិក្ខាសាលាអន្តរក្រសួងលើកទី១
និង លើកទី២ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ។
បូកសរុប ៖
បន្ទាប់ពីមានការយល់ព្រមលើឯកសារគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥
យើងត្រូវការរៀបចំផែនការសកម្មភាពលម្អិត
ដោយមានការចង្អុលបង្ហាញពីធនធាន និងពេលវេលាជាក់លាក់ដោយឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តទូលំទូលាយ
ដែលទទួលបានពីក្រសួង ស្ថាប័ននានាលើការតម្រង់ទិសនយោបាយ។ សកម្មភាពចម្បងនេះត្រូវតែធ្វើភ្លាម
ដែលត្រូវបម្លែងពីកម្មវិធីទៅជាសកម្មភាព ដែលត្រូវវេញបញ្ចូលទៅក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួង
ស្ថាប័ន ពាក់ព័ន្ធ និងត្រូវបានត្រួតពិនិត្យក្នុងចន្លោះពេលដែលបានកំណត់។
សេចក្តីសន្និដ្ឋាន ៖
សិក្ខាសាលាអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិភាក្សាលើសេចក្តីព្រាង
“គោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៥”
បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាល្អ។ ការពិភាក្សាមានលក្ខណៈផុសផុល ប្រកបដោយន័យស្ថាបនាពីគ្រប់ក្រសួង
ស្ថាប័នទាំងអស់ ព្រមទាំងបញ្ចូលនូវភារកិច្ចរបស់ស្ថាប័នមួយចំនួនដែលពុំទាន់មានពីមុនផងដែរ
ក្នុងគោលបំណងសំខាន់ជួយកែលម្អលើសេចក្តីព្រាងឯកសារគោលនយោបាយនេះឲ្យកាន់តែល្អប្រសើរ
កាន់តែស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នា ដែលអាចអនុវត្តបាន។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃពេញ
តាមកម្មវិធីដែលបានគ្រោងទុក។ ឯកឧត្តម ទួន
ថាវរៈ បានដឹកនាំការពិភាក្សា និងធ្វើជាអធិបតីក្នុងការបិទអង្គសិក្ខាសាលានេះ។
ជំហានបន្ទាប់ ៖
សូមគោរពសុំការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្រ្តីថា
តើយើងគួរបន្តឆ្លងឯកសារគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥ នេះ ទៅគណៈកម្មការគោលនយោបាយនិងសេដ្ឋកិច្ច
ឬ ទៅទីស្តីការគណៈរដ្ឋមន្រ្តី
មុននឹងដាក់ជូនសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី៕